អនុសញ្ញាស្តីពីឯកភាវូបនីយកម្មដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ជំរុញការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច


រដ្ឋសភាកាលពីថ្ងៃទី២៥ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់៣មាត្រាស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ដ៏មានសារៈសំខាន់នេះ មួយមាត្រាម្តងៗ និងបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។

ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

បន្ថែមពីនោះ ធានាជំរុញទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងសហការី ដែលបានមកការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនេះ មាន ៣មាត្រា ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ កន្លងមក ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រូបនេះ បានគូសបញ្ជាក់ថា អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាស ពីថ្ងៃទី១០ ដល់ទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេស។

ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាម៉ុងរ៉េអាល់នេះ តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ប៉ុន្តែ មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ ប្រទេសក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ ឆ្នាំ១៩៩៩ រួមមានហ្វីលីពីន (ឆ្នាំ២០១៥) ថៃ (ឆ្នាំ២០១៧) ឥណ្ឌូណេស៊ី(ឆ្នាំ២០១៧) វៀតណាម (ឆ្នាំ២០១៨) ស្រីលង្កា (ឆ្នាំ២០១៩) និងព្រុយណេ (ឆ្នាំ២០២០)។

អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រងនិងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស ក្នុងករណី ដូចជា មរណភាព ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ ការពន្យារពេល ការបាត់បង់ឬការខូចខាតចំពោះអីវ៉ាន់របស់អ្នកដំណើរ ឬការខូចខាតទំនិញជាដើម។

អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ នឹងត្រូវជំនួសឱ្យបទប្បញ្ញត្តិទាំងឡាយពាក់ព័ន្ធនឹងរបបនៃការទទួល ខុសត្រូវរបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដែលមានចែងនិងអភិវឌ្ឍចាប់តាំងពីមានអនុសញ្ញា វ៉ាសូវីឆ្នាំ១៩២៩កន្លងមក និងថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនឡើងថែមទៀត សម្រាប់អ្នកដំណើរនិងអីវ៉ាន់ ចំពោះករណី ដូចបានជម្រាបជូនខាងលើ។

លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ក្រៅពីអត្ថប្រយោជន៍សម្រាប់អ្នកដំណើរនិងអីវ៉ាន់ ការផ្តល់សច្ចាប័នលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែរ ដូចជា បានបង្ហាញពីសុច្ឆន្ទៈនិងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

ក្រៅពីនោះ ធានាជំរុញការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរ តាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។ ផ្តល់ទំនុកចិត្ត កាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស។ ផ្តល់ភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាស តាមរយៈការប្រើប្រាស់ អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនៃបរិវត្តកម្ម ឌីជីថល៕