ក្រុមហ៊ុនចិនមួយមានបំណងបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារិមនៅកម្ពុជា សម្រាប់នាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនមួយរបស់ចិន បានបង្ហាញពីបំណងចង់បង្កើតកន្លែងកែច្នៃគ្រឿងសង្ហារិមនៅកម្ពុជា សម្រាប់ធ្វើការនាំចេញ។ ការបង្ហាញពីបំណងរបស់ក្រុមហ៊ុនខាងលើ តាមរយៈជំនួបជាមួយលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចុះត្រួតពិនិត្យទីតាំងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ស៊ាង ថៃ ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានមូលនិធិវិនិយោគតំបន់ Hengqin និងក្រុមហ៊ុនឯកជនចំនួន២ ផ្សេងទៀត ដាច់ដោយឡែកពីគ្នា។

ក្នុងជំនួបដាច់ដោយឡែកនោះ លោករដ្ឋលេខាធិការ បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។

ជាការឆ្លើយតប ក្រុមហ៊ុនមួយរបស់ចិន ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល។ចំណែកឯក្រុមហ៊ុនមួយទៀត ក៏បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាប្រទេសក្នុងចំណោមប្រទេសផលិតគ្រឿងសង្ហារិមដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលមានក្រុមហ៊ុនជាច្រើនចូលរួមនៅក្នុងការផលិតគ្រឿងសង្ហារឹម ចាប់ពីខ្នាតតូចរហូតដល់រោងចក្រខ្នាតធំ។សម្រាប់ការវិនិយោគនៅកម្ពុជាពីក្រុមហ៊ុនចិនក្នុងវិស័យផលិតគ្រឿងសង្ហារិម ក៏ឃើញថាមានការកើនឡើងផងដែរ ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មអំណោយផល និងតម្លៃពលកម្មទាប។

លើសពីនេះ ប្រទេសចិននៅតែជាប្រទេសមួយដែលមានប្រភពទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ជាក់ស្តែង បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ ដែលអាចបង្កើតការងារបានជាង១៦ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា។

ការអនុម័តគម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារ។ក្នុងនោះ ទុនវិនិយោគកម្ពុជាស្ថិតនៅលេខរៀងទី១ ប្រមាណ៥០,១៥% ខណៈប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុបរហូតដល់៤២,៦៤% ស្របពេលសិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត។

ចំណែកឯទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះដែរ រួមមាន ឧស្សាហកម្មនាំមុខគេប្រមាណ៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម ២,២១% ទេសចរណ៍ ១៨,៧%៕