ឆមាសទី១ ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានជាង ១ ៩០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានជាង១ ៩០០លានដុល្លារអាមេរិក ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែមិថុនា ឆ្នាំ២០២៤ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១០០៥,៧៤ ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣ លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

លោកបន្តថា បើគិតរយៈពេល៦ខែ ឆ្នាំ២០២៤ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួម ចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និង នយោបាយសកលយ៉ាងណាក៏ដោយ។

លើសពីនេះ លោកក៏បានបានបង្ហាញនូវចក្ខុវិស័យទាំងក្របខ័ណ្ឌរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងណែនាំចង្អុលបង្ហាញលើបញ្ហាប្រឈមនានាដែលកើតមានឡើង ទាំងខាងក្នុងនិងខាងក្រៅអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងទិសដៅអនុវត្តបន្តសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបំពេញ បេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ផងដែរ៕