អ្នកជំនាញខ្មែរ និងបរទេស មកពីក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន កាលពីពេលថ្មីៗនេះ បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំនូវកម្មវិធីសិក្ខាសាលាពិសេសមួយមានឈ្មោះថា CAMEL’s Future Engineer Program ដល់និស្សិតជំនាញវិស្វករសំណង់ស៊ីវិល មកពីសកលវិទ្យាល័យល្បីៗចំនួន ៥ ចូលសិក្សាដោយឥតគិតថ្លៃ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបច្ចេកទេសប្រើប្រាស់ស៊ីម៉ងត៍ រូបមន្តការគណនានៃការលាយស៊ីម៉ងត៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយនិរត្តភាព រួមទាំងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មដ៏ទំនើបស្តង់ដារកម្រិតពិភពលោក របស់កូនខ្មែរ នៅរោងចក្រផលិតស៊ីម៉ង់ត៍ ជីប ម៉ុង អុិនស៊ី ស៊ីមេន ។
ថ្លែងក្នុងកម្មវិធីលោក Dr. Sajith EDIRISURIYA នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន បង្ហាញពីមូលហេតុចម្បងៗ ចំនួន៣ ដែលជំរុញអោយក្រុមហ៊ុនសហការបើកកម្មវិធីសិក្ខាសាលានេះឡើង៖
ទី១. គឺប្អូនៗនិស្សិតដែលចូលរួមនឹងទទួលបាន នូវការចែករំលែកចំណេះដឹង ជាទ្រឹស្ដី បទពិសោធន៍ជាក់ស្ដែង ពីអ្នកជំនាញជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ជាពិសេសបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សាលើជំនាញវិស្វករសំណង់ស៊ីវិលនេះ ពួកគាត់អាចនឹងរៀបចំខ្លួនបានកាន់តែត្រឹមត្រូវសម្រាប់ទីផ្សារអនាគតរបស់ខ្លួន.
ទី២. កិច្ចសហការដ៏ល្អ រវាងសាកលវិទ្យាល័យ និងនិស្សិតនៃមហាវិទ្យាល័យវិស្វករសំណង់ស៊ីវិល ជាមួយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន នាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ដល់និស្សិតដែលចូលរួមថា ពួកគាត់នឹងក្លាយជា វិស្វករនាពេលអនាគត ហេតុដូច្នេះ ត្រូវតែភ្ជាប់ខ្លួន ស្វែងយល់អំពីនិន្នាការនៃឧស្សាហកម្មសំណង់ និងការផ្លាស់ប្តូរក្នុងឧស្សាហកម្មនេះជាចាំបាច់
ទី៣. ប្អូនៗនិស្សិតដែលចូលរួម សិក្ខាសិលា CAMEL’s Future Engineer Program នឹងស្វែងយល់កាន់តែច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន មិនត្រឹមតែកំពុងរួមចំណែកលើការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតែប៉ុណ្ណោះទេ តែគឺជាកាចូលរួមរអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
លោកសាស្ត្រាចារ្យបណ្ឌិត ហាន វីរៈ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលបានលើកឡើងថា៖ សិក្ខាសាលាដែលក្រុមហ៊ុនបានធ្វើនាពេលនេះ ពិតជាមានគុណប្រយោជន៍ធំធេងណាស់ ដ្បិតបានផ្តល់ឱកាសដល់និស្សិត អាច ទទួលបានការសិក្សាស្វែងយល់ស៊ីជម្រៅបន្ថែមទៀត លើសពីទ្រឹស្តីដែលធ្លាប់តែរៀននៅក្នុងសាលា។ លើសពីនោះ លោកសាស្ត្រាចារ្យបានស្ងើចសរសើរអំពីការគិតគូរបស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី លើបញ្ហាបរិស្ថាន តាមរយះការបំភាយនៃឩស្ម័ន កាបូនិក ទាបប់ំផុត ដោយប្រើប្រាស់ថាមពលករកើតឡើងវិញ ដែលសកម្មភាពនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលដល់បរិស្ថានពិភពលោកមួយកម្រិតទៀត។
ក្រោយចូលរួមក្នុងសិក្ខាសិលា CAMEL’s Future Engineer Program ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន សិក្ខាកាម ដែលជានិស្សិតកំពុងសិក្សា លើជំនាញវិស្វករសំណង់ស៊ីវិលបានបង្ហាញពីចំណាប់អារម្មណ៍ និងដាក់ក្ដីរំពឹងកាន់ខ្ពស់ លើជំនាញវិស្វករសំណង់របស់ខ្លួន។
លោក ភាជ មករា និស្សិតឆ្នាំទី៣ មហាវិទ្យាល័យសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា៖ លោកមានអារម្មណ៍រំភើបរីករាយ និងលើកឡើងអំពីការទទួលបាននូវចំណេះដឹងថ្មីៗជាច្រើន ទាក់ទងទៅនឹងដំណើរការនៃការផលិត ក៏ដូចជាការប្រើប្រាស់នូវវត្ថុធាតុដើមផ្សេងៗ ក្នុងការបង្កើននូវសមត្ថភាពរបស់ស៊ីម៉ងត៍អូដ្ឋ ឲ្យកាន់តែមានភាពរឹងមាំ។ បន្ថែមពីនោះ លោក មករា បានលើកឡើងថា កម្មវិធីសិក្ខាសាលា CAMEL’s Future Engineer នេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សិស្សានុសិស្ស ឲ្យទទួលបាននូវចំណេះដឹងថ្មីៗពីកិច្ចការងារក្នុងវិស័យឯកជន ព្រមទាំងបានអនុវត្តន៍នូវអ្វីដែលធ្លាប់តែបានរៀននៅក្នុងសាលា អាចយកមកដុះខាត់លេចចេញជាបទពិសោធន៍មួយបានយ៉ាងល្អ។
មានវ័យ ២០ឆ្នាំ កញ្ញា ជឿន ចិន្តា និស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពជា លើកឡើងថា ខ្លួនពិតជាទទួលបាននូវបទពិសោធន៍ជាច្រើនពីអ្នកជំនាញ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ពីលើការសិក្សានៅសាលានាពេលកន្លងមក ពាក់ព័ន្ធនឹងការប្រើប្រាស់វត្ថុធាតុដើម ស្តង់ដារបច្ចេកទេស និងការជ្រើសរើសផលិតស៊ីម៉ងត៍ដែលមានមានគុណភាពខ្ពស់។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន មិនមែនទើបតែរៀបចំកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះប៉ុណ្ណោះទេ កន្លងមកក្រុមហ៊ុនក៏បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ទៅដល់និស្សិតដែលកំពុងរៀនជំនាញវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកវិទ្យាព្រះកុសុមៈ និងតាមវិទ្យាស្ថានជំនាញវិស្វកម្មផ្សេងៗជាច្រើនទៀតរួចមកហើយ ។ ហើយនាថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៩ ខែសីហាឆ្នាំ២០២៤ ក្រុមហ៊ុន នឹងបន្តរៀបចំសិក្ខាសាលា CAMEL’s Future Engineer Program ដ៏មានសារៈសំខាន់ និងអនុញ្ញាតឱ្យនិស្សិតចូលរួមឥតគិតថ្លៃ នៅទីតាំងសកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ង់ត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕