គណៈប្រតិភូវិនិយោគិនដែលមកពី សមាគមវឌ្ឍនភាពកម្ពុជា-ចិន បានបង្ហាញពីចេតនាចង់ចូលរួមចំណែកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គណៈប្រតិភូវិនិយោគិននៃសមាគមវឌ្ឍនភាពកម្ពុជា-ចិន លើកឡើងបែបនេះ តាមរយៈជំនួបពិភាក្សា រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន កាលរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គោលបំណងនេះកិច្ចពិភាក្សានេះ គឺចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសិក្សាស្វែងយល់ពីកាលានុវត្តភាពនិងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនោះដែរ លោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអរ គុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្ដែងការគួរសមនាឱកាសនេះ។
ទន្ទឹមនឹងនេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការចូលរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។
ជាការឆ្លើយតប លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការរៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ ដែលនឹងក្លាយទៅជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានខ្ពស់សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
បន្ថែមពីនេះ លោក ក៏បានជម្រាបជូនគណៈប្រតិភូអំពីការផ្ដល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តវិនិយោគ, និងសេវាថែទាំវិនិយោគដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់កិច្ចសហការបន្ថែមចំពោះគម្រោងខាងលើ។
សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ដោយក្នុងនោះដែរ ប្រភពទុនវិនិយោគនៅកម្ពុជា គឺប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤%៕ អត្ថបទ៖ រង្សី