សម្តេចធិបតី អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖« សូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ កក្កដា ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នាក្រុងហាណូយ, សាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូនេះផងដែរ  សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម។ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អញ្ជើញជួបពិភាក្សាជាមួយ លោក លឿង គឿង សមាជិកការិយាល័យនយោបាយប្រចាំការគណៈលេខាបក្សកុម្មុយនីស្តវៀតណាម។ និងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ត្រីន ថាញ់មិញ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម៕ អត្ថបទ៖ រង្សី