វៀតណាម យល់ព្រមសំណើរលើការបន្តផ្គត់ផ្គង់អគ្គិសនីចំនួន២៥០មេហ្គាវ៉ាត់ ដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសវៀតណាម បានទទួលយកសំណើររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការលើកស្ទួយ និងលើកកម្ពស់ ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។

ដោយឡែកភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើននៅក្នុងឧស្សាហកម្ម ៤.0 ។

ពាក់ព័ន្ធនឹងការតភ្ជាប់ខឿនសេដ្ឋកិច្ចនេះដែរ ភាគីទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ដោយក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ជាពិសេស គឺភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដ៏កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥ ហើយនៅផ្គត់ផ្គង់ឱ្យដល់ ៤០០មេហ្គាវ៉ាត់ ឬលើសពីហ្នឹងទៅទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេស វៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ អត្ថបទ៖ រង្សី