គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិសុបជាង១ ២០០០ជើង ប្រមាណជា៥០០ជើង ក្នុងមួយសប្តាហ៍។នេះបើតាមការលើកឡើងរបស់លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី«ការពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងស្ថិតិទេសចរណ៍» កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៧,៥%។ ដោយលោកបញ្ជាក់ថា ជើងហោះហើរអន្តរជាតិចូលមកកម្ពុជា កាលពីឆ្នាំ២០២៣ សរុប ២២ ១៨២ជើង ប្រមាណជា៤៧០ជើងក្នុងមួយសប្តាហ៍ ខណៈពេលជំងឺកូវីដ-១៩ ឆ្នាំ២០២១ មានជើងហោះហើរអន្តរជាតិចូលសរុប ២ ១៣៩ជើង តែប៉ុណ្ណោះ។
លោកបន្តថា ដោយឡែក សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានជើងហោះហើរអន្តរជាតិចូលសរុបប្រមាណ ១២ ៣៨៦ជើង ប្រមាណជា៥០០ជើង ក្នុងមួយសប្តាហ៍ និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣១ក្រុមហ៊ុន កំពុងដំណើរការ។
បើតាមលោក ហោ សារុន វិស័យទេសចរណ៍មិនត្រឹមតែបង្កើតនូវកាលានុវត្តភាពការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូលជាតិ និងបានជួយទប់លំនឹងផ្នែកជញ្ជីងទូទាត់ពាណិជ្ជកម្ម (Balance of Payment – BOP) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុក និងលំហូរចូលនូវរូបិយបណ្ណអន្តរជាតិផងដែរ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិសរុប ១២ ៣៨៦ ជើង ដែលមានមនុស្សជាង ១,១៥ លាននាក់ កើនឡើង ២៦ ភាគរយ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៨៩៦០ ជើង អាកាសយានដ្ឋានសៀមរាបអង្គរ ៣ ២១៤ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ២១២ ជើង។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះផងដែរ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ក្នុងនោះ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧%៕


