បច្ចុប្បន្ន ប្រទេសកម្ពុជាមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលកំពុងដំណើរការសរុប ២២ទីតាំង គឺនៅរាជធានីភ្នំពេញមានចំនួន៨ទីតាំង និងខេត្តមានចំនួន១៤ទីតាំង កំពុងធ្វើប្រតិបត្តិការអាជីវកម្មដូចជា ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះស៊ីហនុ កំពង់ស្ពឺ ក្រចេះ រតនគីរី កំពង់ឆ្នាំង ព្រះវិហា កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង កំពត និងខេត្តតាកែវ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលចំណេញពេលវេលានិងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិជូនដល់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា មណ្ឌលឆៀកថ្មីនេះមានទំហំផ្ទៃដីប្រមាណ ៤ពាន់ម៉ែត្រការ៉េ ដែលចាប់ផ្តើមសាងសង់ឡើងនៅដើមខែតុលា ឆ្នាំ២០២៣ ហើយទើបបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ ។មណ្ឌលនេះរួមមានសំណង់អគារដែលបំពាក់ដោយឧបករណ៍ឆៀកចំនួន១ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០២៣ ក្នុងនោះរួមមានឧបករណ៍វាស់ផ្សែងសាំង-ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។
សូមបញ្ជាក់ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈយានជំនិះ ដើម្បីសម្រួលដល់កាផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ៕