CDC កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបម្រើដល់ការងារទាក់ទាញវិនិយោគិនមកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធបច្ចេកវិទ្យា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញការងារវិនិយោគ ពិសេសសម្រួលការងារវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។ នេះបើយោងតាម កិច្ចប្រជុំនេះ ដែលធ្វើឡើងកាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនេះ បានពិនិត្យលើវឌ្ឍនភាពការងាររៀបចំប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័ន ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ជំរុញការអនុវត្តនីតិវិធីផ្ដល់សេវាសាធារណៈដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព កាត់បន្ថយពេលវេលា និងបង្កើនភាពងាយស្រួលលើការតាមដានការផ្ដល់សេវាសាធារណៈនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា៖« កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាបម្រើដល់ការងារទាក់ទាញវិនិយោគិនមកកម្ពុជានេះ គឺអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះទី៥ សំដៅលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សំដៅសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

សូមជម្រាបជូនដែរថា បើគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។

CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ រង្សី