នៅឆមាសទី១ ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងប្រមាណ ៦,៣% និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន ដែលមាន៥%។ កំណើននេះត្រូវបានគាំទ្រជាចម្បង ដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ នេះបើយោងតាមប្រភពធនាគារជាតិនៃកម្ពុជា។
អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះខណៈ ទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣។
ឥណទានទៅគ្រប់វិស័យបានកើនឡើងត្រឹម២,៦% ដល់ ២៣៨,១ទ្រីលានរៀល សមមូលនឹង ៥៨,៩ ប៊ីលានដុល្លារអាមេរិកខណៈដែលប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា១៣,៤% ដល់ ២០៩,៩ ទ្រីលានរៀលសមមូលនឹង៥១,៩ប៊ីលានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្ថានភាពថ្លៃមានបរិត្តផរណា -០,៥% និង ០,៣% នៅខែមករា និងខែកុម្ភៈ រៀងគ្នា ជាចម្បង ដោយសារការថយចុះនៃថ្លៃសាំង មុននឹងកើនឡើងសន្សឹមៗមកកម្រិតអតិផរណា ១,៦% នៅ ខែមិថុនា។ ជាមធ្យម អតិផរណារួមនៅឆមាសទី១ឆ្នាំ២០២៤ មានកម្រិត ០,៤% ទាបជាងឆមាសមុន (៣%) និងគ្រាដូចគ្នាឆ្នាំមុន (១,២%) ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹង ប្រេងឥន្ធនៈ ស្របពេលដែលអតិផរណាម្ហូបអាហារនិងអតិផរណាស្នូលមានកម្រិតទាប ក្នុងបរិការណ៍ដែលកំណើនផលិតកម្មកសិកម្មក្នុងស្រុកមានភាពល្អប្រសើរ គួបផ្សំនឹងការថយចុះថ្លៃដើមផលិត ដូចជា ជីកសិកម្ម និងប្រេងឥន្ធនៈ។
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អតិផរណាមានកម្រិតជាមធ្យមត្រឹម ០,៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណាម្ហូបអាហារនិងអតិផរណាស្នូល។ អត្រាអតិផរណាទាបនេះបានរួមចំណែកការពារអំណាចទិញរបស់ចំណូលប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងកម្រិតមធ្យម ៤.០៧៥ រៀល ក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
ទាក់ទងនឹងអត្រាប្តូរប្រាក់ លោកស្រី ជា សិរី បានឱ្យដឹងថា ការរក្សាអត្រាប្តូរប្រាក់ប្រែប្រួលទាបជាង ១% គឺជាជោគជ័យមួយរបស់កម្ពុជា បើធៀបនឹង រូបិយប័ណ្ណក្នុងតំបន់ ដូចជា រ៉ូពីរបស់ឥណ្ឌូណេស៊ី ប៉េសូរបស់ហ្វីលីពីន ដុងរបស់វៀតណាម ប្រាក់បាតថៃ រីងហ្គីតរបស់ម៉ាឡេស៊ី និងគីបរបស់ឡាវ ដែលថយថ្លៃលើសពី ៣,៨%។
លោកស្រី បានបញ្ជាក់ថា ការសម្រេចបាននេះក៏ដោយសារការអនុវត្តនយោបាយរូបិយវត្ថុយ៉ាងប្រុងប្រយ័ត្ន ដោយថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ប្រាក់រៀលនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ ប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុនានាក៏បានចូលរួមកាត់បន្ថយការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដែលធ្លាប់តែជាឧបករណ៍ចម្បងមួយក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ហើយដែលជាទូទៅការធ្វើអន្តរាគមន៍ម្តងៗអាចធ្វើឱ្យទុនបម្រុងអន្តរជាតិថយចុះ។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជាមានចំនួន៣៣១គ្រឹះស្ថាន រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕