គិតត្រឹមចុងខែកក្កដានេះ៖ ផ្លូវជាតិលេខ១០ តម្លៃជាង ១៨៨លានដុល្លារ សាងសង់បានជិត ៩០%

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ខែកក្កដានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៩,៥៦% ។នេះបើតាមការប្រកាសដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨​ កក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៩,៥៦%ហើយ បើគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤ នេះ។ គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាមួយគ្នានេះ ក្រសួងបានឱ្យដឹងថា កាលព្រឹកថ្ងៃទី២៨ ខែកក្កដា កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុតដី បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំជាងកន្លះខែមកនេះ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះអាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនស្រាល ធុនធ្ងន់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ ក្រសួងសាធារណការ និងអាជ្ញាធរដែនដីខេត្តពោធិ៍សាត់។

បើតាមក្រសួងសារធារណការ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ អត្ថបទ៖ រង្សី