ស្របពេលស្ថានភាពទីផ្សារអចលនទ្រព្យមិនទាន់មានសភាពល្អប្រសើរដូចមុន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានKW Cambodia បានបង្ហើបថា អ្នកនៅក្នុងវិស័យនេះ គួរតែយកចិត្តទុកដាក់លើរឿងសំខាន់ៗចំនួន៣ ដើម្បីរង់ចាំឱកាសល្អនឹងមកដល់នាពេលឆាប់ៗនេះ។

រឿងសំខាន់ទាំង៣ ដែលប្រធាន KW Cambodia លើកឡើងនោះគឺ៖ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រក្សាជីវិតរស់នៅ និងរក្សាជំហរអាជីវកម្មកុំអោយបាត់បង់ ឬក្ស័យទុនអោយសោះ! នេះបើតាមការពន្យល់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅក្នុងសិក្ខាសាលា “ឧស្សាហកម្មអចលនទ្រព្យកម្ពុជា” ដែលបានរៀបចំឡើងដោយ KW Cambodia កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកនាំយកម៉ាកយីហោក្រុមហ៊ុន Keller Williams Realty International ពីសហរដ្ឋអាមេរិក មកដំណើរការឈរជើងនៅកម្ពុជារូបនេះ មានប្រសាសន៍បន្ថែមថា៖ នារយៈពេលកន្លងមក ស្ថានភាពអចលនទ្រព្យនៅកម្ពុជា អ្នកដែលពិបាកទប់ខ្លួន បានឈានដល់ការបិទទ្វារកាលពីកំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ មួយចំនួនធំរួចមកហើយ ប៉ុន្តែស្ថានភាពវិស័យអចលនទ្រព្យ នឹងងើបឡើងវិញបន្តិចម្ដងៗ គ្រាន់តែត្រូវការពេលវេលាតិចបំផុតក៏មួយឆ្នាំដែរ។

ងាកមកសិក្ខាសាលា “ឧស្សាហកម្មអចលនទ្រព្យកម្ពុជា” ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រធាន និងក្រុមការងារ KW មកពីតាមបណ្ដាខេត្ត ដូចជា៖ KW ខ្មែរ រៀល អ៊ីស្ទេត KW ខណ្ឌសែនសុខ, KW ខេត្តកំពង់ចាម, KW បាត់ដំបង, KW ខេត្តសៀមរាប, KW ខេត្តព្រះសីហនុ KW កំពត រួមទាំងភ្នាក់ងារទិញលក់អចលនទ្រព្យរបស់ KW ទូទាំងរាជធានីភ្នំពេញ នាពេលនោះ ហាក់នៅតែទទួលការចាប់អារម្មណ៍ខ្ពស់លើសពីការរំពឹងទុកពីសំណាក់អ្នកចូលរួម។ ជាពិសេស អ្នកដែលចូលរួម និងប្រកបការងារក្នុងវិស័យអចលនទ្រព្យលើផ្នែកទិញ លក់ និងជួល ជាដើម ពួកគាត់នៅតែបន្តដាក់ក្ដីរំពឹងថា ស្ថានភាពទីផ្សារនឹងវិលមកសភាពល្អប្រសើរវិញក្នុងពេលឆាប់ៗដ៏ខ្លី។

KW Cambodia គឺក្រុមហ៊ុនបុត្រសម្ព័ន្ធម៉ាកយីហោ ពីក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក Keller Williams Realty International ដែលបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨៣។ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានអចលនទ្រព្យដ៏ធំនេះ មានអនុសាខានៅ ៥៨ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០មុឺននាក់ ទូទាំងពិភពលោក។

នៅកម្ពុជា KW Cambodia ត្រូវបាន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ចុះហត្ថលេខាផ្ដាច់មុខ រយៈពេល ២០ឆ្នាំ បូក ២០ឆ្នាំ ស្មើនឹង ៤០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ មកម្ល៉េះ។ ទៅថ្ងៃអនាគត KW Cambodia គ្រោងនឹងពង្រីកតំណាងសាខាឱ្យបានដល់ ១០០ទីតាំង និងភ្នាក់ងារលក់ដល់ ៧០០០នាក់ នៅទូទាំងប្រទេសកម្ពុជា៕

