កម្ពុជា និងហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែខ្លាំងថែមទៀត។ការលើកឡើងត្រូវបានធ្វើឡើងនៅក្នុជំនួប រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព នៃប្រទេសហ្វីលីពីន និង កម្ពុជា ខណៈលោកក៏បានបានបង្ហាញនូវសុទិដ្ឋិនិយមថា នឹងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះដែរ កម្ពុជា-ហ្វីលីពីន ក៏បានពិភាក្សាទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណ:ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងអង្គភាព នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕
