កូរ៉េ ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើផលិតកម្មកសិកម្ម និងកែច្នៃស្បៀង

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកូរ៉េ ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើផលិតកម្មកសិកម្ម និងកែច្នៃស្បៀង ដោយភាគីកូរ៉េយល់ឃើញថាគឺជាកត្តាល្អប្រសើរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់លោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ   នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម លោក លី ឈូលវ៉ូ (LEE CHEOL-WOO) ថា លើកឡើងថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តដែលធំជាងគេបង្អស់ នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។ កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១។

នាឱកាសនោះ លោកក៏បានជម្រាបជូនសម្តេចតេជោថា ទោះបីជាប្រទេសកូរ៉េមានការអភិវឌ្ឍដោយពឹងផ្អែកខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។

ក្នុងបញ្ហានេះ លោក លី ឈូលវ៉ូ  បានយល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រការធ្វើបរិវត្តវិស័យកសិកម្ម និងឧស្សាហូបនីយកម្ម ដើម្បីធ្វើឱ្យកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង ហើយចំណែកវិស័យកសិកម្មធ្លាក់ចុះ ដែលជាសូចនាករបង្ហាញពីការរីកចម្រើនទាំងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើទៅកាន់លោក លី ឈូលវ៉ូ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក៕