បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែង ចំណែកម្នាក់ទៀតមិនទាន់រកឃើញនៅឡើយ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមគណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រុមយោធាជួយសង្រ្គោះ បានរកឃើញសាកសពអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្ថិតក្នុងការស្វែងរកនៅឡើយ។
សូមជម្រាបជូនថា ឧទ្ធម្ភាចក្រយោធា Z9 ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ អស់រយៈពេល១៧ថ្ងៃកន្លងមកនេះ ត្រូវបានរកឃើញ នៅរសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយកម្លាំងចម្រុះបានចុះប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ។
សូមជម្រាបជូនថា ក្នុងប្រតិបត្តិការចុះរុករកនោះ ដោយប្រើប្រាស់មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលក្នុងនោះអាកាសយានិកចំនួន២រូប បានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវ៉ាញ គឺនៅពេលកងទ័ពអាកាស ហ្វឹកហ្វឺន ក្នុងរយៈចម្ងាយឆ្ងាយ ពីភ្នំពេញ ទៅកាន់ខេត្តកោះកុង និងត្រូវវិលត្រឡប់ពីខេត្តកោះកុង មកភ្នំពេញវិញ៕



