កម្ពុជា ស្នើកូរ៉េមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងផលិតគ្រឿងចក្រនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានស្នើទៅកាន់សាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យជួយកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងផលិតគ្រឿងចក្រនៅកម្ពុជាឱ្យបានច្រើន ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក លី ឈូលវ៉ូ អភិបាលខេត្តឃ្យុងសាងប៊ុកដូកូរ៉េខាងត្បូង កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅកាន់លោកអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម តាមរយៈកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

សម្តេច អះអាងថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។​​ ជាមួយគ្នានេះ សម្តេច ក៏បានសំណូមពរទៅលោកអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េបានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប លោក លី ឈូលវ៉ូ បានលើកឡើងថា ចំពោះវិស័យកសិកម្មវិញ ទោះបីជាប្រទេសកូរ៉េមានការអភិវឌ្ឍដោយពឹងផ្អែកខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។ ក្នុងបញ្ហានេះ លោក យល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបជាមួយសម្តេចតេជោនេះដែរ លោកអភិបាលខេត្តកូរ៉េខាងត្បូង ក៏បានប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ដោយសារប្រទេសកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា ដោយជំរុញការកសាងព្រលានយន្តហោះ និងភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត៕ អត្ថបទ៖ រង្សី