កម្ពុជា-កូរ៉េ នឹងពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងចែករំលែកពីការអនុវត្តគម្រោងភូមិថ្មី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េខាងត្បូង នឹងពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងរំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ការលើកឡើងនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ សម្ដេចធិបតី និងលោកអភិបាលខេត្តរបស់កូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។

នាឱកាសនោះដែរ លោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោក ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីគោលនយោបាយនិងយន្តការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឱ្យឯកឧត្តមអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី (Saemaul Undong) គឺជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee។

ពាក់ព័ន្ធនឹងគម្រោងភូមិថ្មីនេះដែរ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយលោក លី ឈូលវ៉ូ អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃប្រទេសកូរ៉េ កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីចលនាភូមិថ្មី Saemaul Undong របស់ប្រទេសកូរ៉េ ដែលកន្លងមក សម្តេចតេជោ បានចូលរួមសម្ពោធការអនុវត្តគម្រោងនៃកម្មវិធីនេះនៅខេត្តកំពង់ស្ពឺ ដែលទទួលបន្ទុកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ គម្រោងចលនាភូមិថ្មី​របស់កូរ៉េនេះ គឺស័ក្តិកសមសម្រាប់ប្រទេសកម្ពុជា ដោយសារនៅពេល សម្តេច ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េក្នុងឆ្នាំ ១៩៩៦ សម្តេច បានសង្កេតឃើញថា ស្ថានភាពកសិកម្មនៅកូរ៉េនឹងកម្ពុជា មានការជីកប្រឡាយ និងបូមទឹកដូចគ្នា៕ អត្ថបទ៖ រង្សី