ក្រុមហ៊ុនមួយ មានដី២៧០ហិកតា ចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនមួយ ដែលមានដី២៧០ហិកតា មានគោលបំណងចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងបានមកស្វែងយល់ពីការវិនិយោគលើវិស័យនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីស្វែងរកការគាំទ្រ និងបែបបទនៃការវិនិយោគ លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីគម្រោង វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកក៏បានជម្រាបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាព បើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

លោកក៏បាន​ឱ្យមន្ត្រីជំនាញធ្វើបទបង្ហាញអំពីការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងនីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដល់គណៈប្រតិភូឱ្យកាន់តែយល់ច្បាស់ពីស្ថានភាពនៃបរិយាកាសវិនិយោគបច្ចុប្បន្ននៅកម្ពុជា និងភាពសាមញ្ញនៃនីតិវិធីស្នើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសៗ។

ទន្តឹមនឹងនោះ លោក កាំង ឡេង ប្រធានគណៈប្រតិភូ បានធ្វើបង្ហាញអំពីតម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា និងបានជម្រាប ជូនថា កម្ពុជា រង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ច សម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស៥ ទី១.តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ  (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) ទី២.តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ទី៣.តំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្រុកព្រៃនប់ ទី៤.តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេន បូកគោ ទី៥.តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក ស្ទឹងហាវ៕