កម្ពុជា-ហុងកុង សម្រេចចុះអនុស្សរណៈយោគយល់គ្នា លើរឿងសំខាន់ចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងតំបន់រដ្ឋបាលពិសេសហុងកុង បានសម្រេចអនុស្សរណៈនៃការយោគយល់គ្នា លើរឿងសំខាន់ ចំនួន២ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាហត្ថលេខី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទាំង២នោះ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ និង២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ដែរថា លោក​ Jo​h​n ​Leeប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ (​H​KS​AR​) ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៣​០​-​៣​១​ ​ខែ​កក្កដា​នេះ​។​ ​គណៈប្រតិភូ​បាន​លើកឡើង​ពី​សក្តានុពល​របស់​កម្ពុជា​ ​និង​ទី​ផ្សារ​អា​ស៊ាន​សម្រាប់​សកម្មភាព​វិនិយោគ​ផ្សេងៗ​ ​ដោយ​បាន​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​ ​និង​អ្នក​វិនិយោគ​ហុងកុង​ពិចារណា​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២​០​២​៤​។

​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​​របស់​គណៈប្រតិភូ​ហុងកុងនាពេលនេះ កម្ពុជា​សង្ឃឹម​ថា ​នឹងជួយ​ពង្រឹង​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​សេដ្ឋកិច្ច​ទ្វេភាគីបន្ថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី ​