កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ១២ បានត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ក្រោមអធិបតីលោក សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ជាលទ្ធផលអង្គប្រជុំ បានសម្រេចបាននូវសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀន និងរបាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ “សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥” ដែលជាឯកសារកម្រិតគោលនយោបាយដើម្បីសម្រេចបានចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាពនិងការអប់រំកុមារ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ អង្គប្រជុំបានពិនិត្យនិងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលដើម្បីឱ្យ “សេចក្តីព្រាងគោលនយោបាយ” នេះ កាន់តែមានភាពពេញលេញ និងសង្គតិភាព មុននឹងដាក់សេចក្តីព្រាងនេះ គោរពសុំការអនុម័តដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នាពេលខាងមុខ ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាតិ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។“ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់” នេះ មានរយៈពេល ៤៦ ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល៤៣ ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្ត្រចាកចេញពីកម្មវិធីមានរយៈពេល ៣ ខែ (ខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ ម៉ឺនគ្រួសារ ស្មើនឹង ២,៨ លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២ លានដុល្លារអាម៉េរិក ។
កន្លងមក, ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការនៃការអនុវត្តកម្មវិធី ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃជាប្រចាំសម្រាប់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់” នេះ រួមមានទាំងការវាយតម្លៃកម្មវិបាករបស់កម្មវិធីលើសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងការវាយតម្លៃលើដំណើរការនៃការអនុវត្តកម្មវិធីផងដែរ។ ក្រោយពីបានបិទបញ្ចប់ការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់” នេះ រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ” តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្តប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុ ជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។
គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ ២០២៤នេះ, ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ មានគ្រួសារចំនួន ៥៧ ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលកម្មវិធីរួចរាល់ និងទទួលផលពីកម្មវិធី ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ប្រមាណ ៧២,៥ ប៊ីលានរៀល (ប្រមាណ ១៨ លានដុល្លារអាម៉េរិក)។
ដោយឡែក សម្រាប់ក្រុមគោលដៅនៅសេសសស់ចំនួនប្រមាណ ១៦%, ក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន និងកំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ៕