រាជរដ្ឋាភិបាល បានចេញសារាចរ ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាក១ថ្ងៃ ក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។
យោងតាមសារាចរ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖
១, អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ (មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។
២, ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ។
គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។
គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាពគគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ៕