លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសធុរកិច្ចនៅកម្ពុជា នៃវេទិកាសហគ្រិនស្ត្រីឆ្នើមអាស៊ាន។
ថ្លែងទៅកាន់សហគ្រិនមកពីបណ្តាប្រទេសអាស៊ាន លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចាប់យកស្តង់ដារ និងគុណភាព ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោក បានលើកឡើងពីបច្ច័យនៃនិន្នាការសាកល ដែលតម្រូវឱ្យស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងឯកជន សម្របខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់របស់ខ្លួន។ លោកបានបន្ថែមថា៖ យើងត្រូវបន្តនវានុវត្តជានិច្ច។ ការធ្វើអាជីវកម្មដូចដែលយើងធ្លាប់ធ្វើពីមុនមិនមែនជាជម្រើសទៀតទេ។
លោករដ្ឋមន្ត្រី បានរំលេចអំពីកំណែទម្រង់ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងអនុវត្ត រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលដៅបម្រើវិស័យឯកជនឱ្យបានកាន់តែប្រសើរ។ លោកបានអំពាវនាវឱ្យសហគ្រិនក្នុងតំបន់អាស៊ាន មកដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែមខ្ពស់។
សារសំខាន់របស់លោករដ្ឋមន្ត្រីទៅកាន់សហគ្រិនអាស៊ានគឺ៖ “បើអ្នកចង់រស់រាន និងរីកចម្រើននៅក្នុងទីផ្សារជាតិ តំបន់ និងពិភពលោក អ្នកត្រូវឈានចូលក្នុងប្រព័ន្ធ និងរៀបចំអាជីវកម្មរបស់អ្នកឱ្យមានលក្ខណៈផ្លូវការ”៕