សម្តេចធិបតី​​៖ គោលការណ៍ថ្មីប្រើប្រាស់លុយដុល្លារចាស់ៗ អាចនឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនាពេលឆាប់ៗ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលការណ៍ប្រើប្រាស់លុយដុល្លារចាស់ៗ អាចនឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ ប្រសិនបើការអនុវត្តន៍សាកល្បងនៅខេត្តសៀមរាបទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចធិបតីបែបនេះ ធ្វើឡើងបន្ទាប់មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឱ្យអនុវត្តគោលការណ៍ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែកនៅទូទាំងប្រទេសតែម្ដង?។

តាមការបង្ហោះនៅលើបណ្តាញសង្គម កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត

បានថ្លែងអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។

សម្តេចធិបតី បានបន្តថា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក

ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? គឺដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។

សម្តេចធិបតី បញ្ជាក់ទៀតថា ហេតុដូច្នេះការដាក់ឱ្យអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ធនាគារ​ជាតិ​ដាក់​ចេញ​យន្តការ​បន្ទាន់​សម្រាប់​ខេត្ត​សៀមរាប​ពាក់​ព័ន្ធ​ប្រាក់​ដុល្លារ​អាមេរិក ចាស់ ឬ ប្រឡាក់ ដោយ​តម្រូវ​ឱ្យ​សាខាធនាគារ​ពាណិជ្ជ​ខេត្ត​សៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ចាស់​ឬ ប្រឡាក់​ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន។ការសម្រេចដាក់ឱ្យអនុវត្តន៍គោលការថ្មីនេះ គឺដើម្បី​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ទូទាត់ប្រាក់ដុល្លារ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា៕អត្ថបទ៖​រង្សី