រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយឥតសំណង ១០លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិចំនួន ៣០ក្នុងខេត្ត៣

សង្គម​ និង​សេដ្ឋកិច្ច

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ដែលជាទីភ្នាក់ងារផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ រួមជាមួយនិងក្រសួងអភិវឌ្ឍន៍ជនបទ ថ្មីៗនេះបានបើកដំណើរការគម្រោងអភិវឌ្ឍន៍ភូមិ (VDP) ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបើកដំណើរការគម្រោងអភិវឌ្ឍន៍ភូមិនៅខេត្តបាត់ដំបង កាលពីចុងខែកក្កដា ២០២៤ ទីភ្នាក់ងារកយកា អង្គការទស្សនៈពិភពលោកដែលជាទីប្រឹក្សាគម្រោងនិងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តគម្រោងនេះ។

លោក Shin Yonghwa នាយករងប្រចាំប្រទេសនៅការិយាល័យ កយកាប្រចាំកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៦ តាមរយៈការគាំទ្រដោយថវិកាប្រមាណ ១០ លានដុល្លារអាមេរិក ដែលជាគម្រោងជំនួយឥតសំណងដែលត្រូវអនុវត្តន៏ក្នុងរយៈពេល ៥ឆ្នាំរបស់រដ្ឋាភិបាលកូរ៉េនេះ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជនបទចម្រុះ” បាននិងកំពុងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ តំបន់ទាំងនេះត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុង ទសវត្សរ៍ឆ្នាំ ១៩៧០ ។

លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាទីប្រឹក្សា ក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា និងផែនការយុទ្ធសាស្រ្តថវិកាខេត្ត (PSBP) គម្រោងភូមិសន្តិភាពបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ថា «គម្រោងមានគោលបំណងជំរុញការអភិវឌ្ឍជនបទប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងភូមិទាំង៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹងសមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។ ជាមួយនឹងថវិកាសរុបចំនួន ១០លានដុល្លារ គម្រោងភូមិសន្តិភាព បាននិងកំពុងអនុវត្តចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦»។

គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោ ដែលផ្តល់ដោយទីភ្នាក់ងារកយកា គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ឯង ក្នុងការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសហគមន៍សំខាន់ៗ រួមមានសាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារសហគមន៍ ដែលរៀបចំឡើងដើម្បីបំពេញតម្រូវការជាក់លាក់នៃភូមិគោលដៅទាំង៣០ និងដើម្បីការលើកកម្ពស់លទ្ធភាពទទួលបានសេវាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោកស្រី ស៊ូ ហឿន ប្រធានភូមិ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបានថ្លែងអំណរគុណចំពោះ គម្រោងអភិវឌ្ឍន៍ភូមិនិងបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការអនុវត្តគម្រោងប្រកបដោយ ប្រសិទ្ធភាព ដោយបញ្ជាក់ថា “ខ្ញុំរីករាយក្នុងការដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិនេះដោយ ផ្អែកលើ តម្រូវការដែលយើងខ្លួនបានជ្រើសរើសតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់អភិបាលកិច្ចអភិវឌ្ឍន៍ភូមិ។ ខ្ញូំនឹងខិតខំប្រឹងប្រែងឲ្យអស់សមត្តិភាពចំពោះការធ្វើឲ្យ គម្រោងអភិវឌ្ឍន៍ភូមិរបស់យើងទទួលបានជោគជ័យ ដោយផ្តល់ប្រយោជន៍ដល់អ្នកភូមិទាំងអស់គ្នា»៕