សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី២ ខែសីហានេះ បានប្រកាសសម្រេចឱ្យធនាគារជាតិ អនុវត្តការទទួលប្រាក់ដុល្លារចាស់ ឬប្រឡាក់ នៅទូទាំងប្រទេសតែម្តង ដូចដែលបានកំពុងអនុវត្តនៅខេត្តសៀមរាប ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួននោះទេ។

ការសម្រេចជាគោលការណ៍ថ្មីដ៏សំខាន់នេះ សម្តេចធិបតី បានថ្លែងឡើងក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងអំណរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក នាពេលកន្លងមក។

គួររំឭកថា កាលពីពេលថ្មីៗនេះ ធនាគារជាតិកម្ពុជា បានដាក់ចេញយន្តការបន្ទាន់សម្រាប់ខេត្តសៀមរាប ពាក់ព័ន្ធប្រាក់ដុល្លារអាមេរិក ចាស់ឬប្រឡាក់ ដោយតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួននោះទេ។ ការសម្រេចដាក់ឱ្យអនុវត្តន៍គោលការថ្មីនេះ គឺដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ប្រាក់ដុល្លាររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា៕