សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក យើងបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺយកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសជំនាន់ដើមរបស់យើង។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាលំនាំនៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កាលពី២ពាន់ឆ្នាំមុន ពោលគឺជាលំនាំនៅក្នុងសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន។
ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការប្ដេជ្ញាចិត្ត ធ្វើគម្រោងនេះឱ្យមានភាពច្បាស់លាស់ និងធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។នៅក្នុងន័យនេះ សម្តេចធិបតី ថាយើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។
គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។
គម្រោងព្រែកជីកហ្វូណនតេជោនៅរដូវប្រាំងជម្រៅទឹកមាន ៥ ម៉ែត្រ ៤ តឹក និងនៅរដូវវស្សាមានជម្រៅទឹកពី ១០ ទៅ ១៥ ម៉ែត្រ។ គម្រោងនេះជាការទាញសមុទ្ទឱ្យភ្ជាប់ជាមួយទន្លេ ដោយអាចអនុញ្ញាតឱ្យនាវាស្តង់ដា អន្តរជាតិចំណុះ ១០០០ តោន និងស្តង់ដាចិនចំណុះ ៣០០០ តោន ចរាចរឆ្លងកាត់បានដោយងាយ។ គម្រោងនេះប្រើរយៈពេលនៅក្នុងការសាងសង់ ៤៨ ខែដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក៕ អត្ថបទ៖ រង្សី