ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជា នឹងមិនមានការបាត់បង់ដីដោយសារគម្រោងព្រែកជីហ្វូណននោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកង្វល់ជុំវិញការសាងសង់ព្រែកជីកហ្វូណនតេជោ ថាការសាងសង់ព្រែកជីកនេះមិនអាចធ្វើឱ្យកម្ពុជាបាត់បង់ដី ឬអធិបតេយ្យនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋកុំមានក្ដីបារម្ភអី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងពីពិធី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” នាព្រឹកទី៥ សីហា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។

បន្ថែមពីនេះ សម្តេចធិបតីអះអាងថា គម្រោងសាងសង់នេះគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាដែរ ព្រោះគម្រោងនេះគឺជាគម្រោងរបស់ខ្មែរអ្នកធ្វើ និងមានការចូលរួមមួយភាគពីក្រុមហ៊ុនបរទេស ដូច្នេះសូមកុំមានក្ដីបារម្ភ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។ គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។

សូមជម្រាបដែរថា គម្រោងព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមបើកការដ្ឋានជាផ្លូវការក្រោមអអិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត កាលព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ជាមួយការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ១៧០០០នាក់។

គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕ អត្ថបទ​​៖ រង្សី