សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុចប៊ូតុង បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅម៉ោង៩:០៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ថ្លែងក្នុងពិធីអបអរសាទរយ៉ាងអធិកអធមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូនណនតេជោនេះ ជាគម្រោងប្រវត្តិសាស្ត្រ ជាលំនាំនៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កាលពី២ពាន់ឆ្នាំមុន ពោលគឺជាលំនាំនៅក្នុងសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន ដោយរាជរដ្ឋាភិបាលប្ដេជ្ញាធ្វើឱ្យបានជាដាច់ខាត និងធ្វើឱ្យបានល្អបំផុតសម្រាប់ជាតិ។
សម្តេចធិបតីបន្តថា គម្រោងប្រវត្តិសាស្រ្តនេះនឹងជួយជំរុញកសិកម្មខាងទិសខាងកើត និងទិសនិរតីនៃប្រទេស ស្រដៀងនឹងស្តាព្រែកប្រឡាយជំនាន់អាណាចក្រភ្នំឬហ្វូណនដែលរៀបចំសម្រាប់ជំរុញកសិកម្មផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។
គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ គម្រោងព្រែកជីកហ្វូណនតេជោ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។
គម្រោងព្រែកជីកហ្វូនណនតេជោនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះ នឹងត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ៕






