យោងតាមសារាចរណែនាំ ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័ន គ្រឹះសា្ថនសាធារណៈនិងឯកជន ត្រៀមលក្ខណៈចូលរួមអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ អោយអធិកអធមបំផុត តាមរយៈការគោះជួង និងទូងស្គរព្រមៗគ្នានៅវេលាម៉ោង៩ និង ០៩នាទីព្រឹក ស្របពេលដែលសម្តេចនឹងចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។


ឆ្លើយតបទៅកាន់សារាចរណែនាំមួយនេះ ក្នុងនាមជាគ្រឹះសា្ថនឯកជនដែលជារបស់កូនខ្មែរ១០០% ក្រុមហ៊ុន ជីប ម៉ុង រីថែល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ។ លើសពីនេះទៅទៀត នាព្រឹកថ្ងៃទី៥ ខែសីហា វេលាម៉ោង៩ និង ០៩នាទីព្រឹក ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានចូលរួមរៀបចំប្រារព្ធពិធីអបអរសារទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ ដែលប្រព្រឹត្តឡើងនៅខាងមុខផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក្រោមវត្តមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង និងការចូលរួមពីសំណាក់បុគ្គលិកប្រមាណជាង២០០០នាក់ មកពីក្រុមហ៊ុនដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុនជីប ម៉ុង រួមជាមួយនឹងការប្រគុំស្គរជ័យ ការរាំឡកឆៃយ៉ាំ និងការសំដែងសិល្បៈយ៉ាងអធិកអធមស្របពេលដែលសម្ដេច ចុចប៊ូតុង សម្ពោធបើកការដ្ធានសាងសងព្រែកជីក ហ្វូណនតេជោ ជាស្ថាពរ។
គូសបញ្ចាក់ផងដែលថា គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគំនិតផ្ដួតផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំពុងតែបន្ដជំរុញ និងអនុវត្តលើគម្រោងព្រែកជីក ហ្វូណនតេជោ អោយមានការអភិវឌ្ឍនឹងសម្រេចបាននាពេលខាងមុខនេះ។
ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង រីថែល យើងជឿជាក់ថា គម្រោងព្រែកជីក ហ្វូណនតេជោ មួយនេះនឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រង និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ជាក់ជាមិនខាន៕
















