សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ពលរដ្ឋឱ្យចុះទៅពិនិត្យមើលស្ថានភាពនៅព្រំដែនដោយផ្ទាល់ភ្នែក ដើម្បីដឹងថាតើមានបាត់ដីដូចគេថាមែនអត់? ខណៈសម្តេចធិបតីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចផងដែរ។
ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ កាលព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការ CLV ថាអាចបាត់ដីខេត្តរបស់កម្ពុជាទៅឱ្យប្រទេសជិតខាង ខណៈសម្តេចធិបតីអះអាងថា បើរាជរដ្ឋាភិបាលគ្មានចេតនាការពារទឹកដី រាជរដ្ឋាភិបាលមិនប្រឹងប្រែងក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងនោះឡើយ។
សម្តេចធិបតី បានបន្តទៀតថា ជារឿងល្អសម្រាប់ខ្មែរដែលព្រួយបារម្ភចំពោះការបាត់បង់ទឹកដី តែក៏ត្រូវផ្សារភ្ជាប់ជាមួយការគិតគូរ និងប្រឹងប្រែងពង្រឹងសមត្ថភាព ហើយខ្ញុំក៏សូមឱ្យបងប្អូនពលរដ្ឋចុះទៅមើលស្ថានភាពនៅព្រំដែនដោយផ្ទាល់ ដើម្បីដឹងថាតើមានបាត់ដីដូចគេថាមែនអត់?។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសម្លឹងមើលសមិទ្ធផលជាក់ស្ដែងចំពោះការអភិវឌ្ឍប្រទេសជាតិ កុំជឿទៅតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច។
សូមបញ្ជាក់ដែរថា នាឱកាសនោះដែរ សម្តេចធិបតី ក៏បានបញ្ជាក់ជាថ្មីទៀតថា ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។
ជាងនេះទៀត សម្ដេចអះអាងថា តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី គឺចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន៕ អត្ថបទ៖ រង្សី