កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន កាលរសៀលថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួបនោះ សម្ដេចធិបតី និងលោករដ្ឋមន្ត្រី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយជាដើម។
ទន្ទឹមគ្នានេះ ថ្លែងក្នុងឱកាសនៃជំនួបនេះដែរ លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខថែមទៀត។
តាមរយៈជំនួបនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ហើយសម្តេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកផងដែរ៕

