សម្តេចតេជោ ស្វាគមន៍ដល់វិស័យឯកជនជប៉ុនដែលមានបំណងចូលរួមវិនិយោគគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា បានបង្ហាញការស្វាគមន៍ដល់វិស័យឯកជនជប៉ុន សហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ដែលមានបំណងចូលរួមចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានបង្ហាញនូវការស្វាគមន៍បែបនេះនៅក្នុងឱកាសលោក គីហារ៉ា មីណូរឺ(KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន សុំជួបសម្តែងការគួរសម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្តេចតេជោ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីហារ៉ា មីណូរឹ មកកាន់កម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។

សម្តេចតេជោ បានបន្តថា ទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន។សម្តេចបន្ថែមថា នយោបាយសន្តិភាពរបស់ជប៉ុនគ្រប់ដំណាក់កាល ត្រូវទទួលបានការអបអរសាទរយ៉ាងច្រើនពីប្រទេសនានា ហើយសម្តេចក៏បានអរគុណ ចំពោះជំនួយដ៏ច្រើនលើសលុបរបស់ជប៉ុនដល់កម្ពុជា។ជប៉ុនបានដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។

ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយមិនអង្គុយរង់ចាំជំនួយនោះទេ។ក្នុងន័យនេះ សម្តេចតេជោ ក៏បានបង្ហាញការស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។

សម្តេចសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។

ជាការឆ្លើយតប លោក គីហារ៉ា មីណូរឹ បានចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។

លោកក៏បានថ្លែងអំណរគុណសម្តេចតេជោចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។លោកបានជម្រាបសម្តេចតេជោ បន្ថែមថា នៅក្នុងគំនិតរបស់លោក ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែជប៉ុននឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗបន្ថែមទៀតផងដែរ ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។

សូមជម្រាបជូនថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ២កំណាត់។សម្រាប់ កំណាត់ទី១ នៃគម្រោងនេះ គឺមានក្រុមហ៊ុនខ្មែរ១០០%ជាអ្នកអនុវត្ត ហើយក្នុងក្រុមហ៊ុន ខ្មែរ ១០០% នេះគឺមានសហគ្រាសសាធារណៈរបស់រដ្ឋ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុង ភ្នំពេញ ៥១% ហើយក្រៅពីនោះមានក្រុមហ៊ុន OCIC ៤៩%។ដោយឡែកកំណាត់ទី២ ចាប់ផ្តើមពីទន្លេ បាសាក់ រហូតដល់សមុទ្រខេត្តកែប គឺមានការចូលរួមពី ក្រុមហ៊ុន CRBC របស់ចិនដែលមាន ៤៩% ហើយ ក្រុមហ៊ុនខ្មែរមាន ៥១ %។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។គម្រោងនេះ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ៕