ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ទៅថ្ងៃខាងមុខ នៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវសំខាន់ចំនួនពីរ គឺផ្លូវទី១ សម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង និងផ្លូវទី២ ដើម្បីការពារបូរណភាពទឹកដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ កាលព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖« នៅតាមព្រំដែនយើងនឹងធ្វើផ្លូវពីរ ហើយក៏មានប្រជាពលរដ្ឋខ្លះអាចមិនដឹងនឹងចោទជាសំនួរថា ហេតុអ្វីចាំបាច់ចំណាយលុយធ្វើផ្លូវ ២ខ្សែ មិនធ្វើតែមួយខ្សែទៅ? ជាក់ស្តែងគឺយើងធ្វើ ២ខ្សែ មានមួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង និងផ្លូវក្រវាត់ព្រំដែនមួយទៀត ក្នុងគោលដៅការពារបូរណភាពទឹកដី និងដើម្បីឱ្យប៉ូលីស ទាហ៊ាន បានដើរល្បាត និងដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើស្រែចំការបានទៅដល់កៀគនឹងព្រំដែនផងដែរ»។
គួរបញ្ជាក់ដែរថា ថ្លែងក្នុងពិធីខាងលើ សម្ដេចធិបតី ក៏បញ្ជាក់ទៀតដែរថា រាជរដ្ឋាភិបាល នឹងខិតខំបន្តធ្វើ ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានលឿន ដើម្បីបើកច្រកអន្តរជាតិ រុញការវិនិយោគ ទាំងវិនិយោគិនខ្មែរ និងបរទេសដើម្បីធ្វើការវិនិយោគនៅតាមបន្ទាត់ព្រំដែន ខណៈសម្តេចក៏មានបំណងចង់ឃើញវិនិយោគិនខ្មែរ ទៅធ្វើការវិនិយោគឱ្យបានច្រើននៅតាមបន្ទាត់ព្រំដែនផងដែរ៕



