ក្រសួងកសិកម្មនិងវិស័យឯកជន រួមគ្នាស្ដារឡើងវិញសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយក្រុមហ៊ុនអាទីហ្សង់អង្គរ ដើម្បីស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អស់រយៈពេលជាង៧ខែកន្លងមកនេះ អគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥០០០ពង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ហើយបានចុះពិនិត្យនិងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។

ក្នុងឱកាសពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាងនៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះមានតែកូនដើមមនទើបដាំ រហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី។

លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារ នឹងបន្តសហការផ្លាស់ប្តូរបច្ចេកទេសលើផ្នែកកោសេយ្យវប្បកម្មដល់អាទីហ្សង់អង្គរ ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥ ០០០ពង ក្នុងខែសីហា ឆ្នាំ២០២៤ និងផ្តល់ពូជមនប្រមាណ ៥០បាច់ ឬ ១ ០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុនសិប្បករអង្គរ ដាំដើមមនបន្ថែមនៅលើទីតាំងដីទំហំ ១៥ហិកតា ដើម្បីចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរពីអតិថិជនមានកំណើនយ៉ាងគំហុក៕