ស្របពេលរដ្ឋាភិបាល កំពុងជំរុញឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក កែច្នៃម្ហូបអាហារខ្មែរ សម្រាប់នាំចេញនិងដើម្បីទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាជូនដល់អតិថិជនទូទាំងពិភពលោក។

លោករដ្ឋមន្ត្រីបានថ្លែងលើកទឹកចិត្តបែបនេះក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ផលិតគ្រឿងឧបភោគបរិភោគខ្មែរចន្លោះពី ៣០០ ទៅ ៥០០កែវក្នុងមួយថ្ងៃ។ នាពេលកន្លងមកបាននាំចេញផលិតផលខ្មែរ៥០០ គីឡូក្រាមទៅកូរ៉េខាងត្បូង ហើយនាពេលអនាគតគ្រោងនាំចេញទៅប្រទេសចំនួន៥ទៀត។
សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតផលិតផលដែលអាចទទួលទានបានភ្លាមៗ (ready-to-eat food) ចំនួន៨ មុខ ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេច (ready-to-cook food) ដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើម។ ផលិតផលទាំងនេះត្រូវបានដាក់លក់នៅក្នុងផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស។ ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

លោក ជា ចិត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing បានឱ្យដឹងថា៖ “យើងបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយយើងគ្រោងពង្រីកការនាំចេញរបស់យើងទៅកាន់ប្រទេសចំនួន៥នាពេលដ៏ខ្លីខាងមុខ។”
បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគខ្មែរចន្លោះពី ៣០០ ទៅ ៥០០ កែវក្នុងមួយថ្ងៃ និងគ្រោងពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាគ្រឿងទេស ទឹកជ្រលក់ អាហារក្រៀមសម្រាប់ហ្មុកខ្មែរ (អាម៉ុកខ្មែរ) នំបញ្ចុកខ្មែរ និងបង្អែមខ្មែរជាដើម។
លោក ហែម វណ្ណឌី បានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំពង្រឹងគុណភាព និងស្តង់ដារចំណីអាហាររបស់ក្រុមហ៊ុន។លោកបានលើកឡើងថា៖ “ពាក្យ ‘ខ្មែរធ្វើបាន’ ជាទិសស្លោកដ៏សំខាន់ ដែលរួមបញ្ចូលមិនត្រឹមតែការផលិតបានប៉ុណ្ណោះទេ ប៉ុន្តែផលិតបានហើយ លក់បានទៀត ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។” ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកផ្សេងទៀត ឱ្យផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយអាចយកគំរូពីសិប្បកម្ម PPF Yummy Manufacturing ។

លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រួមមានការបន្តលើកកម្ពស់អនាម័យ និងស្តង់ដារ, ការស្រាវជ្រាវ និងប្រៀបធៀបរសជាតិជាមួយផលិតផលរបស់ប្រទេសជិតខាងដើម្បីបង្កើតរស់ជាតិពិសេស, ព្រមទាំងការផ្តោតលើសុខភាព និងបង្ហាញព័ត៌មានអំពីកម្រិតអាហារូបត្ថម្ភលើស្លាកសញ្ញាផលិតផលជាដើម។លោក ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើយ៉ាងណាឱ្យផលិតផលអាចរក្សាទុកបានយូរ កាត់បន្ថយថ្លៃដើមដើម្បីប្រកួតប្រជែងតម្លៃ និងធានាការត្រួតពិនិត្យគុណភាពតឹងរ៉ឹងដើម្បីទប់ស្កាត់ឧប្បត្តិហេតុណាមួយ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន។
សិប្បកម្ម PPF Yummy Manufacturing ប្រៀបដូចជា “មេដែកធំ” មួយ ដែលមិនត្រឹមតែបង្កើតការងារសម្រាប់បុគ្គលិក៣០នាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កសិករជាច្រើនដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុននេះផងដែរ។
លោក ហែម វណ្ណឌី បានលើកឡើងបន្ថែមពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលលើកកម្ពស់ស្តង់ដារគុណភាព និងធានាបរិមាណដើម្បីបំពេញតម្រូវការផលិត ពិសេសនៅពេលមានកំណើនតម្រូវការវត្ថុធាតុដើមខ្ពស់នាពេលអនាគត។
ក្នុងអនុសាសន៍សំខាន់មួយទៀត លោកបានលើកទឹកចិត្តក្រុមហ៊ុនឱ្យសហការជាមួយស្ថាប័នស្រាវជ្រាវ ដូចជាមន្ទីរពិសោធន៍ និងសាកលវិទ្យាល័យ ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើមុខផលិតផល និងពង្រីកបច្ចេកវិទ្យាចំណីអាហារថ្មីៗបន្ថែមទៀត។លោកបានជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ផ្តល់ការគាំទ្រដល់វិស័យឯកជនលើការការពារកម្មសិទ្ធិបញ្ញាសម្រាប់នវានុវត្តន៍របស់ពួកគេផងដែរ និងបានលើកទឹកចិត្តឱ្យវិស័យឯកជនទាញយកអត្ថប្រយោជន៍ពីសេវាសាធារណៈរបស់ក្រសួង៕


