កម្ពុជាជាប់លេខរៀងទី៩លើពិភពលោក ក្នុងនាមជាប្រទេសសំខាន់មួយក្នុងការចូលរួមធានាសន្តិសុខស្បៀងពិភពលោក តាមរយៈការផលិតស្រូវបានជាង១២លានតោនក្នុងមួយឆ្នាំ។នេះបើតាមការឱ្យដឹងរបស់លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា៖« នេះជាមោទនភាពជាតិមួយរបស់ប្រជាជននិងប្រទេសកម្ពុជា។»។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា៖ផលិតកម្មស្រូវបានកើនឡើងខ្លាំងក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះតាមរយៈការបង្កើនទិន្នផល និងកំណើនផ្ទៃដីដាំដុះបាន២ទៅ៣ដង។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៧៩ កម្ពុជាផលិតស្រូវបាន ៥៦៥ ០០០ តោន ឬជាងកន្លះលានតោន កើនឡើងដល់ ២,៥ លានតោននៅឆ្នាំ១៩៩០។នៅឆ្នាំ ២០២០ ផលិតកម្មស្រូវកើនលើស១០ លានតោន គឺស្មើនឹង ១០,៨៨លានតោន។

លោកបានបន្តថា ជាទូទៅកម្ពុជានៅមានសក្តានុពលបង្កើនផលិតកម្មស្រូវបានច្រើនថែមទៀតតាមរយៈការបង្កើនទិន្នផលស្រូវវស្សា និងបង្កើនផ្ទៃដីដាំដុះបាន២ ដង។តែជាគោលដៅយុទ្ធសាស្រ្តយើងផ្តោតលើការកាត់បន្ថយថ្លៃដើម បង្កើនការផលិតស្រូវដែលមានគុណភាពខ្ពស់ និង បង្កើនការសហការគ្នារវាងកសិករតាមគោលការណ៍សហគមន៍កសិកម្មទំនើបដើម្បីផ្តល់ឱកាសឲ្យកសិករបង្កើនប្រាក់ចំណេញពីការធ្វើស្រែ។
សូមបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៤ ប្រទេសកម្ពុជា បាននាំចេញស្រូវចំនួន ២,៥២៨,០១១តោនស្រូវសើម ដោយគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧២៧.៣៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា
