ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានបើកកិច្ចពិភាក្សាគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត។

ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានលោកស្រី មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនេះ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតគុយបា បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា។

សូមរម្លឹកដែរថា យោងតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដែរថា កម្ពុជា-គុយបា បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។ក្រោពីនេះ ភាគីទាំងពី ក៏បានពិភាក្សាគ្នាអំពីឱកាសក្នុងការជំរុញពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈសកម្មភាពនានា ដូចជាពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗជាដើម។
លើសពីនេះទៀត លោកស្រីឯកអគ្គរដ្ឋទូតគុយបា ក៏បានប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំថែមទៀត៕អត្ថបទ៖ រង្សី

