ស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance – UKEF) បានឱ្យដឹងថា UKEF កំពុងពិនិត្យលើកាលានុវត្ដភាពផ្ដល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា ដើម្បីក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការវិនិយោគរបស់វិស័យឯកជន។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Vomic Nur Shah, ប្រធាន (Head of Origination) នៃស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance – UKEF) អំឡុងពេលដែលលោកអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០២៤ ។
ជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្ដភាពនៃកិច្ចសហប្រតិបត្ដិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ (Export Finance) តាមរយៈទីភ្នាក់ងារហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។
ក្នុងជំនួបនោះដែរ លោក Vomic Nur Shah បានវាយតម្លៃខ្ពស់ចំពោះការខិតខំអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា។ លើមាគ៌ានេះ លោកថា រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ប្រទេសកម្ពុជាជាប្រទេសមួយ នៃចំណោមប្រទេសអាទិភាពក្រោមក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស(British Investment Partnership) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអន្តរជាតិរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ លោកថា ដើម្បីលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ UKEF បាននិងកំពុងពិនិត្យលើកាលានុវត្ដភាពផ្ដល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា ដែលនឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការវិនិយោគរបស់វិស័យឯកជន ជាពិសេស វិនិយោគិនពីចក្រភពអង់គ្លេស។
ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តការដ៍ល្អ ក្នុងភាពជាដៃគូររវាងរដ្ឋាភិបាលចក្រភពអង់គ្លេសនាពេលកន្លងមក ដែលបាននិងកំពុងរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ជាមួយគ្នានេះ លោក ក៏បានបង្ហាញស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ព្រមទាំង យុទ្ធសាស្រ្តនិងវិធានការក្នុងការកំណែទម្រង់ថ្មីជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្មសាធារណៈ ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ស្របតាម «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
តាមរយៈជំនួបខាងលើ បានឱ្យដឹងដែរថា កម្ពុជា-អង់គ្លេស បច្ចុប្បន្នបាននិងកំពុងសហការយ៉ាងជិតស្និត ទៅលើការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគសាធារណៈមួយ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយសំដៅកៀរគរការវិនិយោគ ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍគម្រោងនេះផងដែរ៕ អត្ថបទ៖ រង្សី