QR Code ស្តង់ដា ជួយធុរជនងាយស្រួលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវ QR Code ស្តង់ដា នៅលើវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)” ដែលអាចផ្ទៀងផ្ទាត់ បានតាម “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនេះ គឺជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយក្នុងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាឱ្យកាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ជារកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់QR Code ស្តង់ដានៅលើ“វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម(Certificate of Incorporation)” នឹងផ្តល់ភាពងាយស្រួលដល់ ធុរជន និងសាធារណជនទាំងអស់ ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។
ផ្អែកតាម មាត្រា៦នៃអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស ឡើយ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verity.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលានិងកាត់បន្ថយចំណាយនានាព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕