ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា ២០២៤ ដើម្បីសម្រួលដល់ការមកដល់របស់ភ្ញៀវជាតិនិងអន្តរជាតិ។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍បានលើកឡើងថា៖«ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំរៀបចំអភិវឌ្ឍន៍ប្រព័ន្ធអេឡិចត្រូនិចនេះឡើង ក៏ដូចជាចំពោះគ្រប់ក្រសួងស្ថាប័នដែលបានចូលរួមសហការ ដើម្បីរៀបចំឱ្យប្រព័ន្ធនេះបានដំណើរការ សម្រាប់ត្រៀមផ្ដល់សេវាដល់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមគ្នានេះ សម្តេចធិបតី អះអាងថា រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា ឬហៅថា Cambodia e-Arrival ជាផ្លូវការចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៤ខាងមុខតទៅ ពោលគឺទាំងអ្នកដំណើរ និងដាក់ទេសចរណ៍ គឺត្រូវប្រើប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ទាំងបង់លុយ ទាំងការដាក់ពាក្យស្នើសុំ ដោយមិនបាច់សរសេរឯកសារដូចមុនទៀតទេ។
សូមបញ្ជាក់ដែរថា បើតាមរាជរដ្ឋាភិបាល បានអះអាងថា ប្រព័ន្ធ Cambodia e-Arrival នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែមួយដង។ បែបបទទាំងនោះមានដូចជា៖ ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម។
មួយវិញទៀត រាជរដ្ឋាភិបាល បានបង្ហញក្តីរំពឹងថា ប្រព័ន្ធនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរបរទេសអាចស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជាបានឆាប់រហ័សជាងមុនផងដែរ៕ អត្ថបទ៖ រង្សី