ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងអគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន បានប្តេជាបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំបន្ថែមទៀត។

ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាដូច្នេះ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នាទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន កាលនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ កម្ពុជា-ចិន បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំផងដែរ ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សូមរម្លឹកដែរថា នៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។
ទន្ទឹមគ្នានះ ក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ផងដែរ៕
អត្ថបទ៖ រង្សី



