អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៧ខែឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានប្រមាណជាង២៧១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងទំហំប្រមាណ១៧ម៉ឺនតោន។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្មីៗនេះថា ផលិតផលជ័រកៅស៊ូក្នុងខែកក្កដា ឆ្នាំ២០២៤ មានចំនួន៣៣ ៦៩៣តោន កើន២ ៩៨៦តោន ស្មើនឹង៩,៧២% ធៀបនឹងខែមុន និងបានកើន២ ៣៨០តោន ស្មើនឹង៧,៦០%ធៀបនឹងឆ្នាំមុន ខណៈផលិតផលជ័រកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មាន១៧៤ ៣៤៦តោន កើនឡើង ៤ ២៥៨តោន ស្មើនឹង២,៥០% ធៀបនឹងឆ្នាំមុន។ចំណែកផលិតផលឈើកៅស៊ូក្នុងខែកក្កដា មាន៣ ៥២៧ម៉ែត្រគូប ខណៈផលិតផលឈើកៅស៊ូគិតត្រឹមខែកក្កដា មាន២១ ៣១៨ម៉ែត្រគូប។
របាយការណ៍ខាងលើបន្តទៀតថា បើគិតត្រឹម៧ខែមកនេះ កម្ពុជាប្រមូលចំណូលបានប្រមាណជាង២៧១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូល ដែលកម្ពុជាបានពីជ័រកៅស៊ូមាន២៦៩លានដុល្លារ និងពីឈើកៅស៊ូជាង២លានដុល្លារ។
ប្រភពដដែលបានគូសបញ្ជាក់ថា ទឹកប្រាក់ដែលកម្ពុជាបានពីការនាំចេញផលិតផលកៅស៊ូប្រមាណជាង២៧១លានដុល្លារក្នុងរយៈពេល៧ខែ ឆ្នាំនេះ គឺកើនឡើងជាង១៨% ខណៈបរិមាណកៅស៊ូនាំចេញកើនត្រឹម១,៧២%ប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូកម្ពុជាលក់បានតម្លៃ១៥៤៧ដុល្លារក្នុងមួយតោន កើនជាង១០ភាគរយ បើធៀបនឹងឆ្នាំ២០២៣ លក់បានតម្លៃ១៤០០ដុល្លារក្នុងមួយតោន។តម្លៃលក់ឈើកៅស៊ូគិតជាមធ្យមក្នុងខែកក្កដា ថ្លែ១៩១ដុល្លារក្នុងមួយម៉ែត្រគូប។ចំណែកឯតម្លៃលក់ជ័រកៅស៊ូគ្រួសារនៅចម្ការ ទឹកជ័រ(DRC ១០០%)ថ្លៃ ៥ ៩០០រៀលទៅ៦ ៣០០រៀល ក្នុងមួយគីឡូក្រាម(បានកើនឡើង៥៣រៀល ក្នុងមួយគីឡូក្រាម) និងជ័រកក(DRC ៥០%)ថ្លៃ ២ ៦០០រៀល ទៅ៣ ៥២៥រៀល ក្នុងមួយគីឡូក្រាម បានថយចុះ ៦៣រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងខែមុន អាស្រ័យតាមរយៈពេលបង្កក និងតំបន់។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានកៅស៊ូក៏បានប្តេជ្ញាបន្តសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនចម្ការកៅស៊ូវិនិយោគដំណាំកៅស៊ូ ចម្ការកៅស៊ូគ្រួសារ រោងចក្រកែច្នៃ ស្នាក់ការប្រមូលទិញ និងប្រតិបត្តិករកៅស៊ូពាក់ព័ន្ធក្នុងការគាំទ្របច្ចេកទេសកៅស៊ូ និងប្រមូលទិន្នន័យកៅស៊ូ ព្រមទាំងបន្តសហការជាមួយអង្គការ សមាគមកៅស៊ូជាតិ និងអន្តរជាតិ ក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កៅស៊ូផងដែរ។
សូមជម្រាបជូនថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ៣២០ ១៨៤ហិកតា ស្មើនឹង៧៨,៦៤% ផ្ទៃដីថែទាំ៨៦ ៩៨៨ហិកតា ស្មើនឹង២១,៣៦% ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម២២៦ ៨៤០ហិកតា ស្មើនឹង៥៥,៧១% និងផ្ទៃដីកៅស៊ូលក្ខណៈគ្រួសារ១៨០ ៣៣២ហិកតា ស្មើនឹង៤៤,២៩%៕