៧ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង៣៧៩ពាន់តោន ទៅកាន់៦៤ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជាង៣៧៩ពាន់តោន ទៅកាន់៦៤ប្រទេស ក្នុងទំហំទឹកប្រាក់ប្រមាណ២៨០លានដុល្លារ។នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ គឺទៅកាន់៦៤គោលដៅតាមរយៈ៥៣ក្រុមហ៊ុននាំចេញ។

ក្នុងនោះ ៧ប្រទេសសមាជិកអាស៊ាន ប្រមាណ ៧៧ ៩៣៣តោន គិតជាទឹកប្រាក់ ៥៣,៥៨លានដុល្លារ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៧៧ ២០៤តោន គិតជាទឹកប្រាក់ ៤៨,២៨លានដុល្លារ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ១៨៦ ៣៧៧តោន គិតជាទឹកប្រាក់ ១៤៤,៩២លានដុល្លារ និង២៨ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឃិមបូព៌ា ៣៨ ២៣២តោន គិតជាទឹកប្រាក់ ៣៣,១៩លានដុល្លារ។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលកម្ពុជាបាននាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទប្រមាណ ៧០,៥២% អង្ករគ្រាប់សគ្រាប់វែងប្រមាណ ២៤,៣០% អង្ករចំហុយប្រមាណ ៣,១៦% អង្ករសេរីរាង្គប្រមាណ១,៧៤% និងអង្ករផ្សេងៗទៀតប្រមាណ ០,២៨%។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៧ខែមកនេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានប្រមាណជាង ២លាន ៧១ម៉ឺនតោនផងដែរ គិតជាទឹកប្រាក់ប្រមាណជាង៧៨៤លានដុល្លារ ដែល៨០,៥០% បានឆ្លងកាត់ការស្នើសុំការបញ្ជាក់នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕