តាមផែនការនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ អគ្គនាយកពន្ធដារត្រូវប្រមូលពន្ធឱ្យបាន ៤ ១៦៣,៣៥លានដុល្លារ ឱ្យរដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅក្នុងឆមាសទី១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១ ៩១៧,៩៦លានដុល្លារ ស្មើនឹង៤៧,៦ភាគរយប៉ុណ្ណោះនៃច្បាប់ហិរញ្ញវត្ថុ មានន័យថារដ្ឋបាត់ចំណូលពីការប្រមូលពន្ធដារប្រមាណជាង៣០០លានដុល្លារ។
តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការថមថយចំណូលផ្នែកពន្ធនិងអាករគយនេះ?
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា មានមូលហេតុចំនួន៧ដែលបណ្តាលឱ្យមានការថយចុះចំណូលពន្ធ គឺ៖
ទី១. យានយន្តជាប្រភពចំណូលមួយដ៏សំខាន់នៃចំណូល ដែលប្រមូលដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ)។ កន្លងមក មុខទំនិញយានយន្តមានសមាមាត្រជាមធ្យមប្រមាណ ៤៥% នៃ ចំណូលសរុប ដែលប្រមូលដោយ អ.គ.រ ឬចំណាត់ថ្នាក់លំដាប់លេងរៀងទី ១។ ប៉ុន្តែ និន្នាការនេះបាន ចាប់ផ្តើមធ្លាក់ចុះ មកត្រឹមប្រមាណ ៣១,១% ក្នុងឆ្នាំ ២០២៣ និងត្រឹមប្រមាណ ២៩,១% គិតត្រឹម ៦ ខែ ដើមឆ្នាំ ២០២៤។
ការធ្លាក់ចុះនេះគឺដោយសារមូលហេតុចម្បងមួយចំនួន រួមមាន៖ (១)- ការធ្លាក់ចុះនៃ តម្រូវការទិញរថយន្ត ទៅតាមស្ថានភាពសេដ្ឋកិច្ច និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ (២)- ការកើនឡើង នៃនិន្នាការប្រើប្រាស់ យានយន្តដែលមានស៊ីឡាំងតូចជាងមុន និងរថយន្តអគ្គិសនី; (៣)- ការផ្តល់ការលើក- ទឹកចិត្តចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តថ្មីក្នុងស្រុក ដោយធ្វើការបញ្ចុះអត្រាពន្ធ អាករនាំចូលសរុប ពី ៥០% រហូតដល់ ៩០% ទៅតាមប្រភេទនៃការផ្គុំដំឡើង, ជាក់ស្តែង, ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានទទួលគោលការណ៍អនុញ្ញាតបញ្ចុះពន្ធអាករនាំចូលសរុប ក្នុងរង្វង់ ៩០%, ហើយក្រុមហ៊ុន RMA (Cambodia) វិនិយោគផ្តុំដំឡើងរថយន្តម៉ាក Ford ក៏បានស្នើសុំ និង ទទួលបាននូវប្រព្រឹត្តកម្មអនុគ្រោះ ដូចគ្នានេះដែរ។ តាមការគណនារបស់ អ.គ.រ ប្រាក់ពន្ធអាករនាំចូលលើ ការនាំចូលរថយន្ត Toyota Hilux Pick-Up ដែលកន្លងមកត្រូវបង់ប្រមាណ $27,690/គ្រឿង នឹងត្រូវថយចុះ មកត្រឹមប្រមាណ $2,730/គ្រឿង នៅពេលដំឡើងក្នុងស្រុក ដែលតាមការប៉ាន់ស្មាន, ការអនុគ្រោះនេះ នឹង ធ្វើឱ្យបាត់បង់ចំណូលពន្ធអាករប្រមូលដោយ អ.គ.រ ប្រមាណ ៤៦ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ និងប្រមាណ ១៣១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤; និង (៤)- តាមសេចក្តីជូនដំណឹងលេខ ៣៤៦ សជណ.ហធ ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២, រាជរដ្ឋាភិបាល ក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោង វិនិយោគផ្តុំនិងដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តផងដែរ ដោយធ្វើការបញ្ចុះអត្រាពន្ធអាករ នាំចូលសរុបពី ៥០% រហូតដល់ ៩០% ទៅតាមប្រភេទនៃការផ្តុំដំឡើង ដែលជាក់ស្តែង ការលើកទឹកចិត្តថ្មី នេះ បានធ្វើឱ្យបាត់បង់ពន្ធអាករប្រមូលដោយ អ.គ.រ ប្រមាណ៥៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ និងអាចនឹងធ្វើឱ្យបាត់បង់ ៨០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤។
ទី២. ការផ្តល់ការលើកទឹកចិត្តផ្នែកគយចំពោះសហគ្រាសធុនតូចនិងមធ្យម ដោយដាក់ពន្ធអាករនាំចូល ជាបន្ទុករដ្ឋលើសម្ភារសាងសង់ និងធាតុចូលផលិតកម្ម។
ទី៣.ការកែសម្រួលអត្រាពន្ធ និងអាករ ដើម្បីគាំទ្រវិស័យផលិតកម្មក្នុងស្រុក (SMEs) កសិកម្ម និង កសិ-ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយសម្ពាធអតិផរណាលើម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ (អនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ តាមរយៈអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣)។
ទី៤. ការកែសម្រួលតម្លៃគិតអាករនាំចេញលើមុខទំនិញជ័រកៅស៊ូ។
ទី៥. ការលើកលែងកម្រៃបែបបទគយ (Customs Processing Fee) លើការនាំចេញអង្ករ។
ទី៦. ការបញ្ចុះកម្រៃលើការត្រួតពិនិត្យទំនិញនាំចេញ និងនាំចូលផ្ទុកក្នុងកុងតឺន័រ ដោយរប្រើប្រាស់ម៉ាស៊ីនស្កែន។
ទី៧.ចំណូលពន្ធអាករ ដែលត្រូវប្រមូលដោយ អ.គ.រ ត្រូវបានបាត់បង់តាមរយៈការលើកទឹកចិត្តនិង ការអនុវត្តយន្តការ រួមមាន៖ (១)-ការបាត់បង់ដោយការផលិតក្នុងស្រុក មានទំហំទឹកប្រាក់ប្រមាណ១២ ៨៣៩ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣ ១២៤ លានដុល្លារអាម៉េរិក; (២)-ការបាត់បង់ចំណូល ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) មានទំហំទឹកប្រាក់ប្រមាណ ១ ៥៣៦ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៧៤ លានដុល្លារអាម៉េរិក; (៣)-ការដាក់ពន្ធអាករជាបន្ទុករបស់រដ្ឋលើគម្រោង វិនិយោគកាត់ដេរ, គម្រោងវិនិយោគមិនមែនកាត់ដេរ និងការដាក់ពន្ធអាករបន្ទុករដ្ឋចំពោះការនាំចូលរបស់ ក្រសួង ស្ថាប័ន អង្គការ ស្ថានទូត ជំនួយបរទេស ។ល។ មានទំហំទឹកប្រាក់ប្រមាណ ៣ ៨២៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៩៣០ លានដុល្លារអាម៉េរិក។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កត្តាទាំងអស់នេះ ថ្វីត្បិតតែបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងការជំរុញកំណើន សេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាជន ក៏ដូចជាការកែលម្អជីវភាពរបស់ប្រជាជន តែក៏បានធ្វើឱ្យចំណូល ចរន្តមានការថមថយគួរឱ្យកត់សម្គាល់, ជាពិសេស ផ្នែកចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋាន ពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕