រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញទៅអ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្ម។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន (សាន់ស៊ី) កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងឆាងជឺ ខេត្តសាន់ស៊ី ប្រទេសចិន។
នាឱកាសនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិន សូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មជាង ៧០% ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។
លោកបានបន្តថា គិតត្រឹមឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា គិតជាទឹកប្រាក់មានទំហំសរុប ៤៨.៤ប៊ីលានដុល្លារអាមេរិក ដោយកើនឡើង ៧.៩ភាគរយ ធៀបនឹងឆ្នាំ២០២២។ កំណើននេះ លោកថា បានមកដោយសារបរិយាកាសអំណោយផលដល់ការវិនិយោគ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំ (FTA) រវាងកម្ពុជា និងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្ត្ររបស់យើង ក្នុងនោះមានដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។
លោកបន្តថា យោងតាមព្រឹត្តិប័ត្រពាណិជ្ជកម្មចេញផ្សាយដោយអង្គការឃ្លាំមើលការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់ខ្ពស់ក្នុងតារាងសន្ទស្សន៍ពិភពលោកកាលពីពេលថ្មីៗនេះ ហើយត្រូវបានចាត់ទុកថាជាប្រទេសមានទីផ្សាររីកចម្រើនខ្លាំងជាងគេនៅលើពិភពលោកសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ លោកថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសដែលមានកំណើនផលិតផលក្នុងស្រុក (GDP) ខ្លាំង និងថេរ អត្រាអតិផរណាទាប និងជាប្រទេសដែលមានកំណើនឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស។
លោក បានបញ្ជាក់បន្ថែមថា ទំនិញ និងផលិតផលផលិតនៅកម្ពុជា ត្រូវបាននាំចេញ និងផ្គត់ផ្គង់ដល់ប្រជាជនសរុបចំនួន២៥០លាននាក់ នៅក្នុងអនុតំបន់ទន្លេមេគង្គ និងអ្នកប្រើប្រាស់សរុបប្រហែល៦៣០លាននាក់ នៅលើទីផ្សារអាស៊ាន។ RCEP អាចផ្តល់ឱកាសចូលមកកាន់ទីផ្សារដល់ប្រជាជនសរុបចំនួន២.២ប៊ីលាននាក់ ស្មើនឹង៣០ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក គិតជាទឹកប្រាក់សរុបចំនួន ២៦.៦ទ្រីលានដុល្លារអាមេរិក នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ស្មើនឹង១២.៧ទ្រីលានដុល្លារអាមេរិកនៃពាណិជ្ជកម្មពិភពលោក។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖ «ដោយសារសន្តិភាព ស្ថិរភាពនយោបាយ អត្រាប្រជាជនពេញវ័យ និងមូលធនមនុស្ស គួបផ្សំនឹងកំណើនសេដ្ឋកិច្ចខ្លាំងក្លា អាចឱ្យកម្ពុជាទាក់ទាញវិនិយោគិនជាច្រើនមកពីបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី»។
បើតាមក្រសួងព័ត៌មាន បានបង្ហាញថា កាលពីឆ្នាំ២០២៣ ប្រទេសចិន នៅតែជាវិនិយោគិនធំជាងគេនៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបរហូតដល់ទៅ៣.៧ប៊ីលានដុល្លារអាមេរិក។ ដូច្នេះក្រសួង នៅតែអះអាងច្បាស់ៗថា កម្ពុជានឹងផ្តល់ឱកាសជាច្រើនដល់បណ្តាក្រុមហ៊ុន និងវិនិយោគិនមកពីចិន ជាពិសេសមកពីខេត្តឆាងជឺ និងបណ្តាប្រទេសនៅអាស៊ាន ក្នុងការមកបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ រង្សី