រយៈពេល៧ខែ ឆ្នាំ២០២៤នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩TEUs កើនឡើងជាង១៤,៩៤%។នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៤។

របាយការណ៍កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា បើគិតក្នុងខែកក្កដា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥ ២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានចំនួន ៤៩ ០១១ TEUs។
បើគិតរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩ ៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។

សូមបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៤នេះផងដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត២ម៉ឹននាក់ កើនជាង៧០%៕
