អន្តរក្រសួង-ស្ថាប័ន ស្វែងរកវិធីសាស្ត្រជួយសម្រួលវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង-ស្ថាប័នជាច្រើន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្ម តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំនេះ និងមានការចូលរួមពីកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលជូនដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង-ស្ថាប័នសាម៉ីក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាពទិន្នន័យទាក់ទងនឹងកិច្ចការវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖ ការចូលរួមរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធបានឆ្លុះបញ្ចាំងអំពីការចូលរួមយ៉ាងផុសផុល គាំទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ក្នុងការបង្កើនប្រសិទ្ធភាពទាក់ទាញវិនិយោគិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន។

ក្នុងអង្គប្រជុំនេះ លោក លោកស្រី ជាសមាជិក-សមាជិកាទាំងអស់បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងឯកភាពគាំទ្រលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុលោមតាមច្បាប់ស្ដីពីវិនិយោគនៃព្រះជាណាចក្រកម្ពុជា ពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងចូលរួមសហការឱ្យបានស្អិតរមួតក្នុងការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក សំដៅយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បង្កភាពងាយស្រួលជាអតិបរិមាជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕