ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា បានមានប្រសាសន៍ថា៖ “នេះគឺជាលទ្ឋផលការងារយ៉ាងសកម្មរយៈពេល 6 ខែ ដើម្បីកំណត់ទីតាំងយុទ្ឋសាស្ត្រនៃការអភិវឌ្ឍរបស់យើង។ ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆតាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរតាមរយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មីលើវិស័យបដិសណ្ឋារកិច្ចកម្ពុជា!”។
ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាពជាមួយទេសភាពនៃអគារដ៍ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។ ការអភិវឌ្ឍដ៏មានកិត្យានុភាពនេះបានត្រៀមខ្លួនក្លាយជាទីតាំងកំណត់ថ្មីមួយសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រណិតនៅកម្ពុជានិងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានសោមនស្សក្រៃលែងចំពោះការចុះកិច្ចព្រមព្រៀងដ៍សំខាន់នេះ ដោយមានប្រសាសន៍ថា ៖ “យើងមានក្ដីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសអំពីការបើកដំណើរការ The Ritz-Carlton Phnom_Penh ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដែលតំណាងឱ្យចក្ខុវិស័យ របស់យើងក្នុងការស្វែងរកឱកាសថ្មីៗ និងបង្កើនស្តង់ដាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ ការអភិវឌ្ឍដ៏ល្អឥតខ្ចោះនេះមិនត្រឹមតែលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនិងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ដ៏ប្រណីតមិនគួរឱ្យជឿដល់អតិថិជនផងដែរ។ យើងប្តេជ្ញាក្នុងការផ្តល់នូវភាពល្អឥតខ្ចោះលើគ្រប់វិស័យ ដោយធានាថា The Ritz-Carlton Phnom Penh នឹងក្លាយជានិមិត្តសញ្ញាដ៏មានភាពលេចធ្លោនៅក្នុងតំបន់។”
កិច្ចព្រមព្រៀងនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការគាំទ្រនូវចក្ខុវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាចំណុចសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។
គម្រោងអចលនទ្រព្យថ្មីនេះបានចាប់ផ្ដើមការសាងសង់ហើយ ដែលនឹងដើរតួនាទីក្នុងការធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាទិសដៅមួយយ៉ាងសំខាន់សម្រាប់អ្នកធ្វើដំណើរបែបស៊ីវិល័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងជួយលើកកម្ពស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងលើកស្ទួយទីក្រុងភ្នំពេញឱ្យក្លាយជា “ទីក្រុងគុជនៃអាស៊ី”។
ជាងនេះទៅទៀត ការអនុវត្តគម្រោងនេះគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទីក្រុង ការធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន និងការធានាស្ថេរភាពសង្គម តាមរយៈការវិនិយោគទុនដ៏សំខាន់ និងការបង្កើតការងារថ្មី។
The Ritz-Carlton Phnom Penh សន្យាថានឹងផ្តល់នូវបទពិសោធន៍ស៊ីវិល័យបំផុតដោយរចនាយ៉ាងរស់រវើក ដើម្បីបម្រើអារម្មណ៍អតិថិជន។ ការអភិវឌ្ឍដ៏អស្ចារ្យនេះនឹងបង្ហាញពីប្រណីតភាពគ្រប់ជ្រុងជ្រោយ ចាប់ពីសេវាកម្មដែលស្របតាមតម្រូវការរហូតដល់បទពិសោធន៍ដែលប្លែកមិនធ្លាប់មានរបស់អតិថិជន ស្ថិតនៅលើមហាវិថីដ៏មានកិត្យានុភាពបំផុតនៅក្នុងទីក្រុងភ្នំពេញ ភោជនីយដ្ឋានលំដាប់កំពូលចំនួនប្រាំ នឹងផ្តល់ជូននូវកន្លែងទទួលទានអាហារ រួមជាមួយស្ថាបត្យកម្មដ៏អស្ចារ្យដែលមានភាពទាក់ទាញ និងបរិក្ខារទំនើបឈានមុខគេលើសពីការរំពឹងទុក។
ការអភិវឌ្ឍអចលនទ្រព្យនេះគឺស្ថិតនៅលើមហាវិថីព្រះនរោត្ដម និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបពហុអគារដែលមានសណ្ឋាគារ លំនៅឋាន និងការិយាល័យ។ ទាំងនេះនឹងក្លាយជាបទពិសោធថ្មីស្រឡាងនៅលើវេហានៃទីក្រុងភ្នំពេញ។ នៅពីក្រោយភាពជាដៃគូអន្តរជាតិនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្ដរជាតិ មានគោលដៅក្នុងការស្ដារឡើងវិញនូវគុណភាពនៃស្តង់ដានៅក្នុងវិស័យអចលនទ្រព្យ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិផងដែរ។
អំពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនចម្រុះឈានមុខគេនៅកម្ពុជាក្នុងការបង្កើតវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ឋសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស ដែលមានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើនរួមមាន ការអភិវឌ្ឍ អចលនទ្រព្យ ថាមពល ទូរគមនាគមន៍ ការដឹកជញ្ជូន ព័ត៍មាននិងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ និងផ្នែកថែទាំសុខភាព។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនការវិនិយោគជាយុទ្ឋសាស្រ្តរបស់កម្ពុជាដោយមានប្រវត្តិជោគជ័យលើភាពជាដៃគូឈានមុខគេក្នុងទីផ្សារសេរីដែលគ្របដណ្តប់លើអាជីវកម្មជាច្រើន និង ផ្តល់នូវសក្តានុពលវិនិយោគយ៉ាងល្អប្រសើរក្នុងតំបន់ទន្លេមេគង្គនៃអាស៊ី។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាតួអង្គយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចរបសកម្ពុជា។
អំពីក្រុមហ៊ុន Marriott International:
Marriott International, Inc. គឺជាក្រុមហ៊ុនបម្រើសេវាបដិសណ្ឋារកិច្ចឈានមុខគេដែលមាន អចលនទ្រព្យជាង 8,900 ជុំវិញ 141 ប្រទេស និងក្នុងតំបន់។ ផលប័ត្ររបស់ក្រុមហ៊ុនរួមមានម៉ាក ល្បីៗដូចជា The Ritz-Carlton ដែលត្រូវបានទទួលស្គាល់ថាជាសណ្ឋាគារដែលផ្តល់នូវបទពិសោធស្នាក់នៅដ៏ល្អឥតខ្ចោះនិងគ្មានគូប្រៀបលំដាប់ថ្នាក់សកល។