នៅក្នុងរយៈពេល ១១ ខែ រាជរដ្ឋាភិបាលអាណត្តិថ្មី បានអនុម័តគម្រោងវិនិយោគចំនួន ២៣៧ គម្រោង ជាមួយទុនវិនិយោគជាង ៦ ពាន់លានដុល្លារ ។ នេះបើតាមការឱ្យដឹងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងក្នុងបាឋកថា ស្ដីពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា « កំណើនការវិនិយោគនេះ ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិមកលើស្ថិរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា អ្នកវិនិយោគនៅតែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។កំណើនគម្រោង និងទុនវិនិយោគ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេស។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា « កត្តាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាធ្វើឱ្យមានការបណ្ដាក់ទុនវិនិយោគមកកម្ពុជាកាន់តែច្រើន»។
បើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារនិងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុបដែលបានអនុម័តទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣គម្រោង៕